រាជធានីភ្នំពេញ៖ កាលពីថ្ងៃចន្ទ ១៥រោច ខែផល្គុន និងថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០៨-០៩ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល សហការជាមួយអង្គការដៃគូអភិវឌ្ឍនានាបានរៀបចំសិក្ខាសាលាស្តីពីបណ្តាញអ្នកស្ម័គ្រចិត្តកម្ពុជា ស្តង់ដាការងារស្ម័គ្រចិត្តកម្ពុជា និងការបណ្តុះបណ្តាលកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ២០២៤ ដល់ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យ មកពីមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ព្រមទាំងអ្នកស្ម័គ្រចិត្តបង្គោលរាជធានីដែលមានគោលបំណងដូចជា៖ ផ្សព្វផ្សាយអំពីការបង្កើតឡើងវិញនូវបណ្តាញអង្គការអ្នកស្ម័គ្រចិត្ត (VolCam) និងប្រមូលធាតុចូលសម្រាប់ការកសាងស្តង់ដាការងារស្ម័គ្រចិត្តកម្ពុជា (CVS), ការផ្តល់ការណែនាំអំពីដំណើរការនៃការអនុវត្តកម្មវីធី ស.ស.ខ ប្រចាំឆ្នាំ២០២៤, ការចែករំលែកបទពិសោធន៍របស់មន្ត្រីទទួលបន្ទុក និងអ្នកស្ម័គ្រចិត្តបង្គោលរាជធានីឆ្នាំកន្លងមក ដើម្បីរៀនសូត្រ ចងក្រង និងពង្រឹងសមត្ថភាពបន្ថែម, ការភ្ជាប់ទំនាក់ទំនងរវាងមន្ត្រីទទួលបន្ទុក និងអ្នកស្ម័គ្រចិត្តបង្គោលរាជធានី, កិច្ចពិភាក្សាស្វែករកបញ្ហាប្រឈម ដំណោះស្រាយរួម និងការជ្រើសរើសយុវជនស្ម័គ្រចិត្តរាជធានី ខេត្ត សម្រាប់ការអនុវត្តកម្មវិធី ស.ស.ខ, ការពិភាក្សារួមគ្នារវាងមន្ត្រីទទួលបន្ទុក និងអ្នកស្ម័គ្រចិត្តបង្គោល អំពីផែនការបន្ទាប់ដែលនឹងត្រូវធ្វើជាមួយគ្នាពេញមួយឆ្នាំ និងធ្វើបច្ចុប្បន្នភាពស្តីពីបញ្ហាប្រឈមដែលកុមារ និងយុវជនកំពុងជួបប្រទេះនៅតាមសហគមន៍។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ចើញចូលរួមជាអធិបតីភាពរបស់លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំមន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមចំនួនសរុប ២៤៤ នាក់។ បន្ថែមពីនេះលោកជំទាវក៏បានមានប្រសាសន៍ និងបង្ហាញចំណាប់់អារម្មណ៍ទៅលើកម្មវិធី ស.ស.ខ ឬ VMC ដែលជះផលវិជ្ជមានយ៉ាងពិតប្រាកដនៅក្នុងសហគមន៍។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានលើកទឹកចិត្តឱ្យយុវជនចូលរួមសកម្មភាពសង្គមទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេស នៅលើឆាកអន្តរជាតិដើម្បីបង្ហាញសក្តានុពលរបស់យុវជនកម្ពុជាយើង។

ក្នុងឱកាសនោះ លោក ព្យែរ វាំងសង់ (Pierre VINCENT) ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងសកម្មភាព វប្បធម៌តំណាង អគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់ចំណាប់អារម្មណ៍អំពីយុវជនកម្ពុជាដែលបានទទួលឱកាសទៅធ្វើការស្ម័គ្រចិត្តនៅបារាំងជារៀងរាល់ឆ្នាំ តាមរយ:កម្មវិធី REVER Cambodge របស់ France Voluntaries ហើយឆ្នាំនេះមានអ្នកស្ម័គ្រចិត្ត ស.ស.ខ គឺ កញ្ញា ឈួន សុខជា និង លោក លន ម៉េងទ្រី នឹងត្រូវបានជ្រើសរើសឱ្យទៅបំពេញការងារស្ម័គ្រចិត្តនៅប្រទេសបារាងចំនួនរយ:ពេល៧ ខែផងដែរនៅក្នុងឆ្នាំ២០២៤នេះ។

របាយការណ៍ខ្លះៗ ពីកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ ឬ VMC)” ត្រូវបានបង្កើតឡើងដោយនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ន មានរយ:ពេល៦ឆ្នាំហើយ។ កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ មានគោល បំណងធំបី គឺ ១.ដើម្បីយុវជន, ២.ដើម្បីសហគមន៍, ៣.ដើម្បីស្ថាប័ន។ រយៈពេល៥ឆ្នាំកន្លងមកនេះ កម្មវិធី បណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តបង្គោលរាជធានី និងយុវជនស្ម័គ្រចិត្តអនុវត្តគម្រោងរាជធានី ខេត្ត ចំនួន២០៣៨ ដែលមានគម្រោងសហគមន៍ ចំនួន ៣៤៥គម្រោង ក្នុងនោះរួមមាន ខេត្តស្ទឹងត្រែង រតនគិរី បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ មណ្ឌលគិរី កំពង់ធំ កំពង់ស្ពឺ ស្វាយរៀង កណ្តាល និងខេត្តព្រះវិហារ ដែលទទួលបានគម្រោងឆ្នើមប្រចាំឆ្នាំ។ ក្នុងឆ្នាំ២០២៤នេះ កម្មវិធី ស.ស.ខ នៅតែបន្តអនុវត្តទូទាំង២៥រាជធានី ខេត្ត និងស្រុកកងមាសនៃខេត្តកំពង់ចាម ដែលមានអ្នកស្ម័គ្រចិត្តបង្គោលរាជធានី ផ្នែកបច្ចេកវិទ្យានិងផ្សព្វផ្សាយ ផ្នែករបាយការណ៍និងពិធីការ ផ្នែកកៀរគរធនធាន និងផ្នែកសម្របសម្រួលតាមរាជធានី ខេត្ត សរុបចំនួន៩០នាក់ និងយុវជនស្ម័គ្រចិត្តអនុវត្តគម្រោងប្រមាណ៤៣០នាក់។

ជាលទ្ធផលនៃសិក្ខាសាលានេះ បានផ្ដល់ទំនាក់ទំនងកាន់តែជិតស្និតរវាងមន្ត្រីទទួលបន្ទុក និងអ្នកស្ម័គ្រចិត្ត ស.ស.ខ ជាពិសេស មេរៀន និងគន្លឹះផ្សេងៗ ដើម្បីយកទៅសម្របសម្រួលអនុវត្តគម្រោងនៅតាមសហគមន៍ នៃខេត្តនីមួយៗ របស់ខ្លួន ឱ្យបានល្អប្រសើរ៕